ក្រោយពីកីឡាករខ្សែស្លាប Anthony Martial បានស៊ុតចូលមួយគ្រាប់កាលពីប្រកួតទល់នឹងក្លឹប Newcastle United កាលពីចុងសប្ដាហ៍មុន ក្លឹប Manchester United នឹងត្រូវបង់ប្រាក់ឲ្យក្លឹបបារាំង Monaco ចំនួន ៨.៧លានផោនត្រូវជា ជាង១១លានដុល្លារសហរដ្ឋអាមេរិក។
រឿងនេះគឺដោយសារតែកិច្ចព្រមព្រៀងផ្ទេរកីឡាកររវាងក្លឹបទាំងពីរកាលពីឆ្នាំ២០១៥កន្លងទៅ បានភ្ជាប់នូវលក្ខខណ្ឌមួយដែល ចែងថាបើសិនជាកីឡាករសញ្ជាតិបារាំងMartialស៊ុតចូល ២៥គ្រាប់ក្នុងលីគកំពូលអង់គ្លេសនោះខាង Manchester United នឹងត្រូវបង់ថ្លៃខាងលើឲ្យក្លឹប Monaco បន្ថែមពីលើតម្លៃផ្ទេរដំបូងជាង ៣៦ លានផោន (ប្រមាណ ៤៧ លានដុល្លារសហរដ្ឋអាមេរិក)។
ក្រៅពីនេះលក្ខខណ្ឌមួយនេះ ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវបង់ថ្លៃបន្ថែមឲ្យ Monaco ចំនួន៨.៧លានផោន (ជាង ១១លានដុល្លារសហរដ្ឋអាមេរិកទៀតបើសិនជា Martial បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំង និងជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាព Balon d'Or នៅរដូវកាល ២០១៨/១៩។
Anthony Martial បានសម្រេចគ្រាប់ទី២៥ក្នុងក្របខ័ណ្ឌ Premiere Leauge កាលពីចុងសប្ដាហ៍មុន ពេលជួយក្រុមឲ្យវាយបកឈ្នះ Newcastle United ក្នុងលទ្ធផល ៣ ទល់នឹង២៕